អ្នកស្លាប់ បាន ៣.០០០ ដុល្លារ ឯអ្នករបួស បាន ២.០០០ ដុល្លារ ពេលជនជាតិកូរ៉េបើកឡានបុក


​​សៀមរាប: ស្ត្រី​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ឯ​បុរស​ម្នាក់ទៀត រងរបួស​ធ្ងន់ ស្ថិតក្នុង​ភាព​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កដោយ​ជនជាតិ​កូរ៉េ បើកឡាន​បុក​ម៉ូតូ កំពុងធ្វើដំណើរ​ពេញទំហឹង​។ ករណី​ខាងលើនេះ គេ​បានបញ្ចប់​ទាំង​អស់ហើយ ដោយ​អ្នកស្លាប់​ទទួល បាន ៣.០០០ ដុល្លារ​។ ឯ​អ្នករងរបួស បាន ២.០០០ ដុល្លារ គឺ​បញ្ចប់​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ តែ​សំណុំរឿង​នៅតែ​បញ្ជូនទៅ​តុលាការ​ដដែល​។​
​    ​
​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​ជិត​១ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​មុខ​មន្ទីរពេទ្យ​រស្មី​អង្គរ ស្ថិត​ក្នុងភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។​

​ជនបង្ក ជា​ជនជាតិ​កូរ៉េ មានឈ្មោះ PARK DO OOK ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៧៤ ជា​អ្នក​មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា បើកបរ​រថយន្ត​កាម​រី (​ឆ្លាម​) ពាក់​ស្លាក​លេខ​សៀមរាប 2A 7154 ។ ចំណែកឯ​ជនរងគ្រោះ​ទី​១) ឈ្មោះ ប៉ុង ស្រី​រ៉ុ​ន ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ស្លាប់ នៅ​កន្លែងកើតហេតុ​។ ទី​២) ឈ្មោះ ពៅ រស្មី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ រងរបួស​ធ្ងន់​។​

​សាក្សី​បាន​និយាយថា បន្ទាប់ពី​បុក​ម៉ូតូ បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស និង​ស្លាប់​ហើយ ជនជាតិ​កូរ៉េ​នោះ បាន​បើកឡាន​រត់ ទៅបុក​បង្គោល​ស្លាក​ប៉ាណូ ទៅមុខ​លែងរួច ទើប​ឈប់​។ 

​លោក​អនុសេនីយ៍ឯក ឈិ​ត ឆាត នាយផ្នែក​ដោះស្រាយ ការិយាល័យ​នគរបាល​ចរាចរណ៍ បាន​និយាយថា បន្ទាប់ពី​កើតហេតុ ជនបង្ក​បាន​ទៅ​សំរាក​ពេទ្យ ហើយ​ប៉ូលិស ក៏បាន​ទៅតាម​យាម​ជន​នោះ នៅ​មន្ទីរពេទ្យ​ផងដែរ​។ លោក​បាន​បន្តថា ចំពោះ​អ្នកស្លាប់ គឺ​បាន​ដោះស្រាយ​បញ្ចប់​ហើយ នៅតែ​អ្នករងរបួស​ទេ ហើយ​សំណង​ប៉ុន្មាន​នោះ គឺ​ពុំ​បានដឹង​ឡើយ​។​

​ដោយឡែក មន្ត្រីនគរបាល​ចរាច​រណ៍​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ថា ករណី​ខាងលើនេះ គេ​បានបញ្ចប់​ទាំង​អស់ហើយ ដោយ​អ្នកស្លាប់​ទទួលបាន ៣.០០០ ដុល្លារ ឯ​អ្នករងរបួស​បាន ២.០០០ ដុល្លារ គឺ​បញ្ចប់​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​។ តែ​សំណុំរឿង​នៅតែ​បញ្ជូនទៅ​តុលាការ​ដដែល​។​

​គេ​មិនដឹងថា ករណី​មនុស្ស​ស្លាប់ ចំពោះ​ផ្លូវច្បាប់ តើ​អាច​បញ្ចប់​ត្រឹម​សមត្ថកិច្ច​ប៉ូលិស​ដែរ ឬ​យ៉ាងណា​?៕
 - See more at: http://www.cen.com.kh/localnews/details_more/22?token=ZWMxM2YzOT#sthash.TcPBbwdZ.dpuf

0 comments: