ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ ៩ ខែ ២០ ថ្ងៃ សំរាល​មក បាន​ទារក​ចម្លែក​


(ថ្ងៃទី 29 មករា 2012, ម៉ោង 05:42:PM) | ដោយ: ចន្រ្ទា
ក- ក ក+ | Print
ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ ៩ ខែ ២០ ថ្ងៃ សំរាល​មក បាន​ទារក​ចម្លែក​
ស្វាយរៀង:  ជាធម្មតា​មនុស្ស​ស្រី ដែលមាន​ផ្ទៃពោះ មាន​រយៈពេល​ជា​មធ្យម ៩ ខែ ១០ ថ្ងៃ នឹងត្រូវ​សំរាលកូន​។ ប៉ុន្តែ​មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅក្នុង​ត្រកូល​គ្រួសារ​ប្រជាពលរដ្ឋ​ដ៏​ក្រីក្រ​មួយ នៅ​ភូមិ​ញ៉រ ឃុំ​ញ៉រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈដែល​ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​រហូតដល់ ៩ ខែ ២០ ថ្ងៃ ទើប​សំរាល បាន​ទារក​ចំឡែក​មួយ​។ ទារក​ចំឡែក​នោះ បាន​ស្លាប់​ទៅវិញ ក្រោយពី​សំរាល​ពី​ផ្ទៃ​ម្តាយ​ប្រហែលជា ៣០ នាទី​។​

​ហេតុការណ៍​នោះ បានកើត​ឡើង នៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១២ នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។​
​    ​
​ស្ត្រី​មាន​ទារក​ចម្លែក​នោះ ឈ្មោះ ទាវ សា​រ៉ា អាយុ ២៦​ឆ្នាំ មាន​ប្តី​ឈ្មោះ ឈិន សុ​ភ័​ក្រ អាយុ ២៥​ឆ្នាំ​។ សព្វថ្ងៃ ប្តី​ប្រពន្ធ​នោះ រស់នៅ​ភូមិ​ញ៉រ ឃុំ​ញ៉រ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ជា​កសិករ​។ ប្តី​ប្រពន្ធ​​នោះ មានកូន​ស្រី​ម្នាក់ អាយុ​ជាង ១​ឆ្នាំ​។ 
​    ​
​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នាពេល​កន្លងមក​ចាប់តាំងពី​ពេល មាន​ផ្ទៃពោះ រូបគាត់​ពុំដែល​បាន​ទៅ​ឆ្លុះ​អេកូ​មើល​ទារក​ក្នុង​ផ្ទៃ​នោះទេ គ្រាន់តែ​ឲ្យ​ពេទ្យ​ស្រុក​ពិនិត្យ​ពោះ និង​ចាក់​ថ្នាំ​តែប៉ុណ្ណោះ​។ ទើបតែ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១២ បាន​ទៅ​ឆ្លុះ​អេកូ​មើល​កូន​ក្នុង​ពោះ ហើយ​គ្រូពេទ្យ​បាន​ប្រាប់ថា កូន​ក្នុង​ផ្ទៃ មាន​លក្ខណៈ​មិន​ប្រក្រតី​នោះទេ​។ គឺមាន​ក្បាល​ធំ ដៃជើង​ខ្លីៗ ហើយ​ជា​កូនប្រុស​។ 

​លុះដល់​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០១២ វេលា​ម៉ោង ៤ ទៀបភ្លឺ ស្ត្រី​រូបនោះ បាន​ឈឺពោះ ហើយក៏​ត្រូវបាន​ក្រុមគ្រួសារ​យកមក​មន្ទីរ​ពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សំរាលកូន រហូតដល់​ម៉ោង ១០ ព្រឹក ក៏​ឆ្លងទន្លេ ហើយ​នៅពេល​ឆ្លងទន្លេ​នោះ កូន​របស់គាត់ ពុំ​ឮ​យំ​ទេ​។ ប៉ុន្តែ​នៅ​ដកដង្ហើម​។ 
​ពេលនោះ​គ្រូពេទ្យ​បាន​និយាយប្រាប់​គាត់​ថា មិនចាំបាច់​មើល​កូន​ទេ ហើយក៏​បាន​យក​រូបគាត់ មក​សំរាក​នៅក្នុង​បន្ទប់ ក្រោយ​សំរាលកូន​។ ចំណែក​សុខភាព​របស់​ស្ត្រី​ជា​ម្តាយ នៅ​ធម្មតា ពុំមាន​បញ្ហា​អ្វី​នោះទេ​។​
​    ​
​ដោយឡែក​គ្រូពេទ្យ​បាន​និយាយថា ក្រោយពេល​សំរាល​បាន​បន្តិច​ទារក​នោះ ក៏​ស្លាប់ទៅ  ដោយសារតែ​ទារក​នោះ មាន​លក្ខណៈខុស​ប្រក្រតី គឺ​ក្បាល​ធំ និង​ដៃជើង​ខ្លីៗ​។​
 គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា នេះ​ដោយសារ​ស្ត្រី ជា​ម្តាយ​មានការ​ធ្វេសប្រហែស ដោយ​មិនបាន​ទៅ​ឆ្លុះ​អេកូ​មើល​ទារក​ក្នុង​ផ្ទៃ ពេល​មាន​ទំងន់​។  ប្រសិនបើ​ឃើញ​ទារក​មាន​លក្ខណៈខុស​ប្រក្រតី​ដូច្នេះ ពុំ​ចាំបាច់​ទ្រាំ​ពរ​ពោះ នាំ​តែ​ខាត​ទាំង​ពេលវេលា និង​កម្លាំង​នោះទេ​៕
 - See more at: http://www.cen.com.kh/localnews/details_more/134?token=YmM1MGVmMjczNzQzYmMyYTU2NjdiMjM5ZWQ4YTk5#sthash.lUuvJAGh.dpuf

0 comments: