ម៉ូតូ ២ គ្រឿង បុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅនឹងកន្លែង


ភ្នំពេញ: ម៉ូតូ ២ គ្រឿង បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​ព្រះ​មុនី​រ៉េត ច្រកចូល​ប៉ុស្តិ៍នគរបាល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​លោកនាយ​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ឲ្យ​និយាយថា បុរស​ស្លាប់​ខាងលើ មានឈ្មោះ ប្រាក់ វ​ណ្ណី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​។ ចំណែក​អ្នករួមដំណើរ​រងរបួស​ធ្ងន់ មានឈ្មោះ ប្រាក់ វណ្ណា ភេទ​ប្រុស អាយុ ២១ ឆ្នាំ ហើយ​ទាំងពីរ​នាក់ ជា​បងប្អូន​បង្កើត​មាន​ទីលំនៅ ភូមិ​បន្ទាយ​ក្រាំង ឃុំ​បន្ទាយ​ក្រាំង ស្រុក​ពាមរ ខេត្តព្រៃវែង​។ រីឯ​ភាគី​ម្ខាង​ទៀត​របួសធ្ងន់​ដែរនោះ បើក​ម៉ូតូ​សេ​១២៥ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ត្រូវបាន​ដឹក​ទៅ​ព្យាបាល​គ្លីនិក​ឯកជន​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ និយាយថា ម៉ូតូ ២​គ្រឿង បុក​គ្នា​ខាងលើ​មួយគ្រឿង​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AJ-0684 ជិះ​គ្នា ២​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ខណៈ​ដល់​ចំណុចកើតហេតុ ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1X-0360 ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ក៏​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​បើក​ម៉ូតូ​វីវ៉ា ស្លាប់បាត់​បង់ជីវិត​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់ធ្ងរ​។ 
​ចំណែក​ម្ចាស់​ម៉ូតូ​សេ ១២៥ ក៏ត្រូវ​រងរបួស​ធ្ងន់​ធ្ង​រ​ផងដែរ​។ រីឯ​ម៉ូតូ​ទាំង ២ គ្រឿង ត្រូវ​រង​ការខូចខាត​។ ម៉ូតូ​ទាំង ២ គ្រឿង ត្រូវ​នគរបាល​វាស់វែង យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕​


 - See more at: http://www.cen.com.kh/localnews/details_more/22?token=ZmU4MGVmZT#sthash.sUXX3iiq.dpuf

0 comments: