រថយន្ត​មីតស៊ុយប៊ីស៊ី បុក​គង​លើ​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ អស់ ៤​កង់


(ថ្ងៃទី 16 កញ្ញា 2013, ម៉ោង 10:35:AM) | ដោយ: វិសាល
ក- ក ក+ | Print
ភ្នំពេញ:  រថយន្ត​មីតស៊ុយប៊ីស៊ី ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ភ្នំពេញ 2D 3902 ជិះ​២​នាក់ ប្តី​ប្រពន្ធ បើក​គេច​ពី​រថយន្ត​មួយគ្រឿង ជ្រុល​ទៅបុក​គង​លើ​របាំង​ថ្ម​ពុះ​ចែកផ្លូវ អស់ ៤​កង់ ទៅមុខ​លែងរួច​។​

​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៨​និង​១០​នាទី​យប់ ថ្ងៃទី​១៥ ខែកញ្ញា តាម​មហាវិថី​ព្រះមុនីវង្ស ម្តុំ​លក់​បបរ ស ពេទ្យ​ចិន ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។​
​ប្រភពព័ត៌មាន​ពី​បុរស​វ័យ​ចំណាស់​ជា​អ្នកបើករថយន្ត បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​ធ្វើដំណើរ​រួម​ជា​ប្រពន្ធ​របស់គាត់ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ ជា​ការដ្ឋាន​កំពុង​ជួសជុល​ផ្លូវ ទើប​បង្ខិត​របាំង​ថ្ម​ពុះ​ចែកផ្លូវ​រាង​បញ្ឆិត​បន្តិច ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង បើក​វ៉ា​ខាងស្តាំ ធ្វើ​ឲ្យ​គាត់​ភ្ញាក់​បួង​ចង្កូត​ទៅខាង​ឆ្វេង​ជ្រុល ទៅបុក​ឡើង​គង​លើ​របាំង​ថ្ម​ពុះ​ចែកផ្លូវ​ញែក​ចេញពី​គ្នា​បែក​អស់ ៤​កង់ រថយន្ត​គង​ជាប់​លើ​របាំង​ថ្ម​ពុះ​ចែកផ្លូវ ទៅមុខ​លែងរួច ។​

​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​

 - See more at: http://www.cen.com.kh/localnews/details_more/22?token=ZGE4YTk2OW#sthash.mGJAEO6e.dpuf

0 comments: